តើអ្វីទៅជាការឆ្លុះក្រពះពោះវៀន?

ការឆ្លុះក្រពះពោះវៀន គឺជាបែបផែននៃការពិនិត្យអ្នកជំងឺតាមរយៈការសុងក្រពះ ឬពោះវៀនដោយប្រើបំពង់អុបទិចចល័តតូចមួយ។ បំពង់នេះមានភ្ជាប់ម៉ាស៊ីនថតវីដេអូដ៏តូចមួយនៅខាងចុងម្ខាងរបស់វា ដែលអាចឲ្យវេជ្ជបណ្ឌិតមើលឃើញរោគសញ្ញាលើផ្ទៃសរីរាង្គខាងក្នុងរឹតតែច្បាស់។ វិធីសាស្ត្រនេះមានភាពប្រសើរលើសពីរូបភាពពីមុនដែលគេទទួលបានពីការឆ្លុះកម្មរស្មីអេច ការពិនិត្យដោយប្រើការវិភាគតាមកុំព្យូទ័រ (ស៊ី.ធី) និង អឹម អ អាយ ព្រោះវេជ្ជបណ្ឌិតអាចរកឃើញរោគវិនិច្ឆ័យដោយមើលរូបភាព ពីវីដេអូ ឬការថតទុកតែម្តង។ លើសពីនេះទៅទៀត ក្នុងកំឡុងពេលនៃការឆ្លុះ វេជ្ជបណ្ឌិតអាចចាប់យក សាច់ក្រពះដែលសង្ស័យថាមានភាពមិនប្រក្រតីទៅធ្វើកាពិសោធន៍បាន។

ក) តើខ្ញុំត្រូវធ្វើអ្វីខ្លះមុននិងឆ្លុះ?
វេជ្ជបណ្ឌិតនឹងធ្វើការណែនាំដល់អ្នកនូវវិធីដែលមានសុវត្ថិភាពបំផុតក្នុងកំឡុងពេល និងក្រោយពេលពិនិត្យរួច។ សូមកុំមានការស្ទាក់ស្ទើរ ក្នុងការទាក់ទងទៅគ្រូពេទ្យព្យាបាល ប្រសិនបើអ្នកមានចម្ងល់ណាមួយ។

ខ) មុនពេលឆ្លុះ
– ក្រពះ ៖ លោកអ្នកត្រូវតមពិសាអាហារយ៉ាងហោចណាស់ពី ៦ ទៅ ៨ ម៉ោង និង មិនពិសារអង្គធាតុរាវទាំងឡាយ ៤ម៉ោង មុនពេលពិនិត្យ។
– ពោះវៀនធំ៖ គ្រូពេទ្យនិងតម្រូវ ឲលោកអ្នកផឹកថ្នាំលាងពោះវៀន ដែលថ្នាំនោះនិងធ្វើអោយលោកអ្នក ត្រូវបន្ទោបង់លាមក រហូតលាមកថ្លាមិនមានកាក មុនពេលធ្វើការពិនិត្យ។ លោកអ្នកត្រូវបានណែនាំឲ្យតមពិសារបន្លែ ឬផ្លែឈើ ពី២៤ ទៅ ៤៨ម៉ោង មុនប្រើប្រាស់ថ្នាំ។

គ) ដំណើរការពិនិត្យអាចប្រព្រឹត្តទៅ តាមរបៀប២យ៉ាង
១- ប្រើថ្នាំស្ពឹក៖ គ្រាន់តែបៀម ឬលាបនៅបំពង់កមុនពិនិត្យ
២- ការប្រើប្រាស់ថ្នាំសណ្តំប្រភេទស្រាល (មិនមានការឈឺចាប់ ឬពិបាកទ្រាំ, ងាយស្រួលនិងមានសុវត្ថិភាព)

– ថេរវេលា៖ ជាធម្មតាដំណើរការពិនិត្យក្រពះ គឺវាមានរយៈពេលប្រហែលពី ១ ទៅ ២ នាទីប៉ុណ្ណោះ ឯការឆ្លុះពោះវៀនគឺមានរយៈពេលវែងជាង អាចពី ១៥ ទៅ ៦០នាទី។
– នៅពេលឆ្លុះ ៖ អ្នកត្រូវ ផ្តេកខ្លួនទៅចំហៀងខាងឆ្វេង។ ទឹកមាត់របស់អ្នកនឹងហូរចេញមកក្រៅ (ហាមលេបទឹកមាត់ពេលកំពុងឆ្លុះ ព្រោះវាអាចឈ្លក់)។
– ការពិនិត្យ៖ ក្នុងកំឡុងពេលពិនិត្យ លោកអ្នកអាចនឹងមានអារម្មណ៍ថាពោះមានការតឹងខុសធម្មតា ដោយសារតែខ្យល់ត្រូវបានបាញ់ចូលដើម្បីបំប៉ោងក្រពះ ដោយឧបករណ៍ឆ្លុះ ។ សូមលោកអ្នកកុំភ័យ រោគសញ្ញាទាំងនេះវានិងបាត់ទៅវិញនៅពេលដែលការពិនិត្យត្រូវបានបញ្ចប់។ នៅក្នុងពេលពិនិត្យនេះដែរ គិលានុបដ្ឋាក-យិកានឹងសង្កេតអ្នកយ៉ាងប្រុងប្រយ័ត្ន ដើម្បីតាមដានកម្រិតនៃផាសុកភាពរបស់អ្នក។

ឃ) ក្រោយពេលពិនិត្យរួច
ជាតិថ្នាំស្ពឹកផ្សេងៗនឹងបាត់ទៅបន្តិចម្តងៗនៅក្នុងរយៈពេលមួយ។ អ្នកជំងឺនឹងត្រូវបញ្ជូនទៅកាន់បន្ទប់មើលថែវិញ និងត្រូវឆ្លងកាត់ការសង្កេតរោគ ១ ទៅ ២ម៉ោងមុននឹងចាកចេញ។ អ្នកជំងឺគួរតែចៀសវាងការបើកបរ ឬក៏ត្រលប់ទៅធ្វើការវិញ បន្ទាប់ពីការពិនិត្យនេះរួច ប្រសិនបើមានការប្រើប្រាស់នូវថ្នាំសណ្តំ។

ង) តើការឆ្លុះក្រពះពោះវៀននេះមានសុវត្ថិភាពឬទេ?
ជាទូទៅការឆ្លុះក្រពះពោះវៀនគឺមានសុវត្ថិភាពបំផុត (សុវត្ថិភាពលើស ពី៩៩%)។ គេកំរជួបផលលំបាកនានាដែលបង្កពីការពិនិត្យនេះណាស់។

«សូមត្រួតពិនិត្យជាមួយគ្រូពេទ្យព្យាបាលពីផលលំបាកដែលអាចកើតមាន ដោយសារស្ថានភាព និងលក្ខខណ្ឌសុខភាពរបស់លោកអ្នក។»

Posted in Education