ព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល!

ការព្យាបាលបន្ទាន់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដែលមាន ផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។
ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺទាមទារជាដំបូងនូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះពីអ្នកជំងឺផ្ទាល់ រឺអ្នកនៅក្បែរគាត់។

រោគសញ្ញាសំខាន់ៗមាន៖
– ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបាន
– ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
– វៀចមុខភ្លាមៗ

សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថេរៈវេលា ៤ម៉ោងដំបូងក្នុងករណី ស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយវិធីសាស្ត្រប្រសិទ្ធិភាពខ្ពស់ដូចប្រទេសជឿនលឿនលើសកលលោក (Thrombolysis) ដែល អាចរំលាយ ដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។

មន្ទីរពេទ្យកាល់ម៉ែតបានដាក់អោយដំណើរការ និងអភិវឌ្ឍន៏បន្តបន្ថែម ក្រោមកិច្ចសហការថ្នាក់តំបន់ និងអន្តរជាតិផ្នែកជំនាញនេះឡើង (Stroke Unit) ដោយមានការចូលរួមពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ -រូបភាពវេជ្ជសាស្រ្ត -ប្រសាទសាស្រ្ត សរសៃឈាម ខួរក្បាល និង ខាងវះកាត់ប្រព័ន្ធប្រសាទ សំដៅខិតខំឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅលើសកលលោក។

“ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត និងការថែទាំតាមជំនាញវិជ្ជាជីវៈ ប្រកបដោយទំនុកចិត្តខ្ពស់ គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាព ដោយសារជំងឺនេះក៏ដូចជាការកាត់បន្ថយសេចក្តីស្លាប់ដែរ។”

Posted in Education