កង្វះគ្រាប់ឈាមក្រហមចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ! (Anemia of Chronic kidney disease)

នៅប្រទេសកម្ពុជាប្រេវ៉ាឡង់នៃអ្នកជំងឺខ្សោយតម្រងនោមរាំរ៉ៃ ប្រហាក់ប្រហែលទៅនឹង១,២% ចំពោះមនុស្សពេញវ័យ ។ មូលហេតុចំបងពីធំៗដែលបណ្ដាលអោយកើតមានជំងឺខ្សោយតម្រងរាំរ៉ៃ៖
– ទី១ គឺជាផលលំបាកនៃជំងឺទឹកនោមផ្អែម
– ទី២ ជាផលលំបាកនៃជំងឺលើសឈាម ដែលកើតឡើងរាំរ៉ៃ ហើយមិនទទួលបាននូវការព្យាបាលមួយត្រឹមត្រូវ។

ជំងឺខ្សោយតម្រងរាំរ៉ៃនេះបានផ្ដល់ផលលំបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គមនុស្ស ដែលមូលហេតុចំបងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម(uremic toxins ) ក្នុងនោះ កង្វះគ្រាប់ឈាមក្រហមក៏ជាផលលំបាកមួយដែលតែងតែកើតឡើងជាញឹកញាប់ផងដែរ។

ក) មូលហេតុជាច្រើនចូលរួម៖
– កង្វះអរម៉ូន EPO (erythropoietin)
– ការថយចុះអាយុរបស់គ្រាប់ឈាមក្រហម ៧០-៨០ថ្ងៃ (ធម្មតា១២០ថ្ងៃ)
– ការបាត់បង់ជាតិដែក វីតាមីនB9 និងB12
– ការកើនឡើង hepcidine

ខ) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា

គ) ជារួម៖
កង្វះគ្រាប់ឈាមក្រហម នេះកើនឡើងស្របទៅនឹងសភាពធ្ងន់ធ្ងរនៃការខ្សោយតម្រងនោម។ កង្វះគ្រាប់ឈាមក្រហម ផ្តល់ផលប៉ះពាល់ជាច្រើនចំពោះអ្នកជំងឺដូចជា ស្លេកស្លាំង ឆាប់ហត់ ប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ហើយជាពិសេសធ្វើអោយកើនឡើងខ្ពស់នូវ អត្រាមរណភាព និងពិការភាព។

ដោយសារការធ្វើរករោគវិន្និច្ឆ័យ និងការព្យាបាលជំងឺនេះមានភាពស្មុគស្មាញ ដូចនេះដើម្បីទទួលបាននូវការព្យាបាលមួយដ៏មានប្រសិទ្ធភាព ទំនុកចិត្ត និងច្បាស់លាស់ លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសតម្រងនោមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់ពីមូលហេតុបង្កជំងឺពិតប្រាកដ។

“មានតែការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងកំណត់វិធីសាស្ត្រព្យាបាលច្បាស់លាស់ទៅតាមមគ្គុទេសព្យាបាលជាសកលនិងយោបល់អ្នកជំនាញទេ ទើបអ្នកជំងឺទទួលបានមកវិញនូវសភាពធូស្បើយ និងទទួលបាននៅគុណភាពជីវិតមួយដ៏ល្អប្រសើរ។”

Posted in Education