ជំងឺរលាកសួតស្រួចស្រាវ (បង្កដោយមេរោគ)!

ជំងឺរលាកសួតគឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយ:ផ្លូវដង្ហើម។ វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។ តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាពឬសម្រាកពេទ្យ បានទាន់ពេលវេលា និងទទួលយកការព្យាបាលពីគ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះគឺអាចព្យាបាលឲ្យជាសះស្បើយបាន។

១) រោគសញ្ញា÷
អ្នកដែលកើតជំងឺរលាកសួតមានអាការៈ
– គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ)
– ឈឺក្នុងទ្រូង ដូចគេចាក់
– ហត់ដង្ហក់ មានដង្ហើមញាប់
– ក្អក ពុំមានស្លេស ឬមានស្លេស និងអាចមានក្លិន
– វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។

២) មូលហេតុ÷
មេរោគបង្កឲ្យមានជំងឺរលាកសួត គឺបាក់តេរីភាគច្រើន ចូលតាមផ្លូវដង្ហើម។

៣) ការព្យាបាល÷
ជំងឺនេះព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយូទិច ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ច្បាស់លាស់ ក្រោយពីការពិនិត្យ-ពិគ្រោះ សំដៅប្រសិទ្ធភាពសំលាប់បាក់តេរី និងដោយអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត៖

– ព្យាបាលនៅផ្ទះ: សំរាប់អ្នកជំងឺក្មេង ពុំមានសញ្ញាធ្ងន់និងពុំមានជំងឺរ៉ាំរ៉ៃ។
– ព្យាបាលសំរាកពេទ្យ: សំរាប់អ្នកជំងឺអាយុច្រើន ឬមានជំងឺរ៉ាំរ៉ៃ ឬមានសញ្ញាធ្ងន់: ដង្ហើមញាប់ ចង្វាក់បេះដូងញាប់ វង្វេងជាដើម។
– ព្យាបាលសង្គ្រោះកម្រិតធ្ងន់: ខ្សោយផ្លូវដង្ហើមខ្លាំង (តម្រូវឲ្យមានប្រើម៉ានស៊ីនជំនួយដង្ហើម) ឬសម្ពាធឈាមទាបខ្លាំង (តម្រូវផ្តល់ថ្នាំជំនួយ)។

៤) ការការពារ÷
– អនាម័យទូទៅ សម្អាតមាត់ធ្មេញ ដៃ និងក្អកឬកណ្ដាស់ប្រើកន្សែងដៃខ្ទប់មាត់ច្រមុះ
– ចាក់វ៉ាក់សាំងបេសេហេ្ស ចំពោះទារកទើបកើត
– ចាក់វ៉ាក់សាំង ការពាររលាកសួត ឬចាក់វ៉ាក់សាំងការពារផ្តាសាយ ករណីអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។
– ថែរក្សាអនាម័យលំនៅដ្ឋាន មានខ្យល់អាកាសល្អ កាត់បន្ថយផ្សែងក្នុងផ្ទះ (ផ្សែងចំអិនអាហារ) ផ្សែងបារី និងផ្សែងក្រៅផ្ទះ។

«បើសិនមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពីគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺរលាកសួតនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។»

Posted in Education