ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD)!

ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ និង មានការត្បៀតទងសួតជាប្រចាំ ដែលបង្កឡើងដោយសារធាតុពុលផ្លូវដង្ហើមផ្សេងៗជាពិសេសផ្សែងបារី។

ជំងឺនេះត្រូវបានគេដឹងថាមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស (៦៥លាននាក់ នៅឆ្នាំ ២០០៥ និងប្រហាក់ប្រហែល ២០០លាននាក់នៅឆ្នាំ២០១០) និងទទួលខុសត្រូវអត្រាមរណៈ ៥% នៃអត្រាមរណៈទាំងអស់នៅឆ្នាំ២០០៥ (គឺជាង ៣លាននាក់ដែលបានស្លាប់ដោយសារជំងឺនេះ)។ អត្រាមរណៈដ៏ខ្ពស់នេះ ត្រូវបានទស្សន៏ទាយថានឹងស្ថិតនៅលំដាប់ទី ៣ នៅឆ្នាំ២០៣០។

១) កត្តាបង្ក៖
កត្តាដែលបង្កអោយមានជំងឺស្ទះផ្លូវដង្ហើមមាន÷
– កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។
– កត្តាពុលបរិស្ថាន ។
– កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំងផ្សែងធូប ផ្សែងចង្រ្កាន ដោយសារការដុតអូស ឬធ្យូង និងផ្សែងធូបមូសជាដើម)។
– កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង)។
– និងកត្តាផ្សេងៗទៀត។

២) រោគសញ្ញា៖
រោគសញ្ញានៃជំងឺស្ទះផ្លូវដង្ហើមរុំារ៉ៃរួមមាន
– ក្អករ៉ាំរ៉ៃ
– មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេកពេលព្រលឹម
– ហត់ ឬពិបាកដកដង្ហើម រ៉ាំរ៉ៃ។ ឧទាហរណ៍នៅពេលដើរ ឬធ្វើអ្វីមួយយើងមានអារម្មណ៍ថាឆាប់ហត់ជាងអ្នកដទៃដែលមានអាយុប្រហាក់ប្រហែលនឹងយើងដែរ។

៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ៖

ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើរ៉ាំរ៉ៃបានដោយពឹងផ្អែកទៅលើ អាយុអ្នកជំងឺ(លើស៤០ឆ្នាំ កត្តាប្រឈម (ជក់បារី) និងរោគសញ្ញាគ្លីនីក (ក្អក និងហត់រុំារ៉ៃ)។ ក្នុងការមន្ទិលសង្ស័យលើរោគវិនិច្ឆ័យ គេអាចបញ្ជាក់អោយបានច្បាស់លាស់តាមរយៈ ការប្រើឧបករណ៍វាស់ផ្លូវដង្ហើម (Lung Function Test)។

៤) ការព្យាបាល៖
ថ្វីត្បិតតែពុំមានថ្នាំជួយអោយជាសះស្បើយ ប៉ុន្តែមានការព្យាបាលល្អរួមទាំងការឈប់ពិសារបារី ផងដែរអាចជួយអោយអ្នកជំងឺបានធូរស្រាលពីរោគសញ្ញាដែលរំខានដូចជា ក្អក និងហត់ជាដើម ពិសេសជាងនេះទៅទៀតគឺ ការព្យាបាលត្រឹមត្រូវ ជួយទប់ស្កាត់កុំអោយជំងឺមាន ការវិវត្តន៍ទៅរកការខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរ។

ដូច្នេះហើយបើមានរោគសញ្ញា ក្អក ហត់ ឬពិបាកដកដង្ហើមរ៉ាំរ៉ៃ ជាពិសេសលោកអ្នកដែលធ្លាប់ ឬកំពុងតែបន្តការពិសាបារី សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃអោយបានច្បាស់លាស់ និងទទួលបាននូវការព្យាបាល ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។

Posted in Education