ជំងឺស្ទះសរសៃឈាមបេះដូង (heart attack) គឹជាឃាតករលាក់មុខដែលបានឆក់យកអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងជាច្រើន និងក្នុងរយៈពេលមួយពព្រិចភ្នែក។ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ និងទាន់ពេលវេលា ដោយពង្រីកសរសៃឈាមបេះដូងដែលស្ទះឲ្យដំណើរការវិញ (ឲ្យបានមុន១២ម៉ោង) នោះទេ អ្នកជំងឺនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ណាស់ រហូតដល់ លើសពី៣០%។ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលកំពុងប្រើប្រាស់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន យើងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អាយុជីវិតនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង ឲ្យមកនៅក្រោម ៣%។
ដោយយោងទៅតាមតម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ពេលនេះមន្ទីរពេទ្យកាល់ម៉ែតកំពុងតែបំពាក់បន្ថែមនូវម៉ាស៊ីនអង់ហ្យូក្រាហ្វី (Angiography) ថ្មីមួយគ្រឿងទៀតម៉ាក “SIEMEN” Model ARTIS ONE ដែលជាផលិតផលដ៏ទំនើបរបស់ប្រទេសអាឡឺម៉ង់។ ម៉ាស៊ីនអង់ហ្យូក្រាហ្វីនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង (Heart Attack)។
ការបំពាក់បន្ថែមនេះ សំដៅពង្រឹងគុណភាពនៃការព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់បន្ថែមទៀត ដែលអាចកាត់បន្ថយអត្រាមរណភាពរបស់ប្រជាជនកម្ពុជាឲ្យមានកម្រិតទាបបំផុត។