សិក្ខាសាលាកម្ពុជា-ជប៉ុន លើកទី២ ស្តីអំពី “បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម”!

ជំងឺមហារីកប្រព័ន្ធរំលាយអារហារ និងថ្លើម គឺជាជំងឺមហារីកដែលកើតមានជាញឹកញាប់នៅលើប្រជាជនកម្ពុជា។ ស្ថិតិចុងក្រោយពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជា ជាពិសេស បុរសមានអត្រាកើត (incidence) និង ស្លាប់ (mortality) ដោយសារជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួនអ្នកកើតប្រហែលជាង២២០០ករណីក្នុង១ឆ្នាំ ដែលក្នុងនោះជាង ៩៥% នៃអ្នកជំងឺបានទទួលមរណៈភាព (គិតជាចំនួនសរុបជាង ២១០០ ករណី ក្នុង១ឆ្នាំ)។ មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការពីសាលកវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បាននិងកំពុងរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុនលើកទី២ស្តីអំពី បច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិង ការព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារនិងថ្លើម ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែ កុម្ភៈ ឆ្នាំ២០១៧។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ៣ គឺ៖

១- ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ស្តីពីការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារ និង មហារីកថ្លើម នៅប្រទេសកម្ពុជា និង ជប៉ុន។
២- ផ្ទេរនូវចំណេះដឹងពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពះ និងពោះវៀនធំ ពីសំណាក់អ្នកជំនាញពីសាកលវិទ្យាល័យណាហ្គោយ៉ានៃប្រទេសជប៉ុន មកវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ-ពោះវៀន-ថ្លើម នៃមន្ទីរពេទ្យថ្នាក់ជាតិនៃប្រទេសកម្ពុជា។
៣- ការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺមហារីក ក្រពះ ពោះវៀនធំ និងថ្លើម នៅប្រទេសកម្ពុជា។

Posted in Events, News