អាយុ ៨ខែ ២ថ្ងៃ ត្រូវបានធ្វើការវះកាត់បេះដូងសង្គ្រោះជីវិត!

កុមារ “ម៉ន ធីម” កើតនៅខែកក្កដា ឆ្នាំ២០១៦។ ម្តាយបានរៀបរាប់ប្រាប់ក្រុមគ្រូពេទ្យយើងថា តាំងពីចាប់កំណើតមក កុមារចំណាយពេលជាច្រើននៅគ្លីនិក និងមន្ទីរពេទ្យកុមារ។ ពេលនោះក្រុមគ្រួពេទ្យកុមារបានប្រាប់ម្តាយថា “ម៉ន ធីម” មានជំងឺបេះដូងពីកំណើត។ ម្តាយបាននាំកុមារទាំងភាពអស់សង្ឃឹមមកអគារកុមារនៃមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។ ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យឯកទេសបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតជាលទ្ធផល៖
កុមារទើបតែបាន ៤,៣គីឡូក្រាម មានប្រហោងថតក្រោមបេះដូងធ្ងន់ធ្ងរ និងត្រូវធ្វើការវះកាត់ជាបន្ទាន់ ពីព្រោះតាមការវិវត្តន៍ពីធម្មជាតិរបស់ជំងឺនេះ អាចឲ្យ ម៉ន ធីម ប្រឈមមុខនឹងការហួសពេលវះកាត់ក្នុងពេលឆាប់ៗខាងមុខ។

ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមគ្រូពេទ្យឯកទេសបេះដូង មកពីសកលវិទ្យាល័យ MOTOL UNIVERSITY នៃសាធារណៈរដ្ឋឆែក និងក្រុមគ្រូពេទ្យឯកទេសបេះដូងនៃមន្ទីពេទ្យកាល់ម៉ែត ម៉ន ធីម ត្រូវបានធ្វើការវះកាត់សង្គ្រោះជីវិត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ ជាការវះកាត់មួយដែលលំបាក ហើយត្រូវចំណាយពេលរហូតជិត ៣ម៉ោង។

ជាលទ្ធផល កុមារត្រូវបានសង្គ្រោះអាយុជីវិត។ ការពិនិត្យនិងអេកូបេះដូងក្រោយការវះកាត់ បានបញ្ជាក់ថាកុមារបានជាសះស្បើយទាំងស្រុង ពោលគឺគ្មានប្រហោងបេះដូងទៀតទេ។
ក្រុមគ្រួសារព្រមទាំងក្រុមការងារនៃផ្នែកបេះដូងមន្ទីរពេទ្យកាល់ម៉ែត មានការត្រេកអរឥតឧបមា។

Posted in Education